ស្ថានទូតជប៉ុន ត្រូវគេរាយការណ៍ថា បានអញ្ជើញមេដឹកនាំគណបក្សសង្គ្រោះជាតិទាំង២នាក់ ក្រោយការបង្កហេតុនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលមានក្រុមហ៊ុនវិនិយោគជប៉ុន កំពុងបណ្តាក់ទុននៅកម្ពុជា។
សូមជំរាបថា នាព្រឹកមិញនេះ ក្រុមបាតុករនិងកម្មករដែលគាំទ្រគណបក្សសង្គ្រោះជាតិ បាននាំគ្នាប៉ុនប៉ងសំរុកចូលក្នុងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីគំរាមកម្មករនៅទីនោះអោយចាកចេញពីរោងចក្របញ្ឈប់ផលិតកម្ម ដែលគ្រប់គ្រងដោយក្រុមវិនិយោគគិនជប៉ុន។
ក្នុងការរារាំងអំពើខុសច្បាប់នោះ សមត្ថកិច្ចកងរាជអាវុធហត្ថ៥នាក់ បានរងរបួស ដោយសារការវាយប្រហាររបស់ក្រុមបាតុករ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមបាតុករមិនអាចសម្រុកចូលក្នុង តំបន់សេដ្ឋកិច្ចពិសេស ដើម្បីគំរាមកម្មកររោងចក្រនានាបានទេ។ ក្រុមកម្មករតវ៉ា បានប្រើលេសចោទថា សមត្ថកិច្ច បានរារាំងក្រុមកម្មករមិនអោយចេញពីរោងចក្រ គ្រាដែលបណ្តាញរបស់គណបក្សសង្គ្រោះជាតិ ត្រូវគេឃើញបានចាត់តាំងគ្នីគ្នាអោយដើរអុកឡុកតាមរោងចក្រទាំងអស់ បង្ខំអោយកម្មករដែលធ្វើការ មកចូលរួមធ្វើបាតុកម្មជាមួយនឹងគណបក្សសង្គ្រោះជាតិ។
សេចក្តីរាយការណ៍បានអោយដឹងថា ក្នុងការអុកឡុកតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលគ្រប់គ្រងភាគច្រើនដោយក្រុមអ្នកវិនិយោគទុនជប៉ុន លោកសមរង្ស៊ី និងលោកកឹមសុខា ត្រូវបានស្ថានទូតកោះអញ្ជើញចូលជួបនារសៀលថ្ងៃនេះ ដែលកត្តានេះ បានបង្ខំអោយមេដឹកនាំបាតុកម្មទាំង២ ត្រូវប្រញាប់ ចាកចេញពីរថយន្តក្នុងក្បួនដង្ហែរភ្លាមៗ និងប្តូររថយន្តផ្សេងទៀតចេញដំណើរទាំងប្រញិបប្រញាប់ទៅជួបមន្ត្រី ស្ថានទូតជប៉ុន ដែលចង់ដឹងអំពីមូលហេតុដែលគណបក្សសង្គ្រោះជាតិបង្កការជ្រួល ច្របល់ក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះ។ មិនមានសេចក្តីរាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំក្នុងស្ថានទូត ជប៉ុននោះទេ។
គួរកត់សម្គាល់ថា លោកសមរង្ស៊ី កាលពីម្សិលមិញ ត្រូវគេឃើញ បានចូលទៅពន្យុះកម្មករតាមរបងរោងចក្រនានាក្នុងខេត្តកំពង់ស្ពឺ ដើម្បីបង្អាក់ដំណើរការផលិតរបស់ក្រុមអ្នកវិនិយោគនានានៅក្នុង ប្រទេសកម្ពុជា៕
source : avatar-news.com
0 comments: