មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ បានអះអាងប្រាប់គេហទំព័រថ្មីៗឲ្យដឹងថា ប្រមុខមេដឹកនាំគណបក្សប្រឆាំងទាំងពីរ គឺលោក សម រង្ស៊ី និងលោក កឹម សុខា មិនមានបញ្ហាល្អក់កករអ្វីជាមួយគ្នាឡើយ។ ការបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយរូបបានបង្ហើបឲ្យ ដឹងថា គណបក្សសង្គ្រោះជាតិកំពុងជួបវិបត្តិផ្ទៃក្នុង ដែលកើតចេញពីការប្រះឆារវាងប្រមុខដឹកនាំបក្សទាំងពីរូបនោះ។
ថ្លែងប្រាប់គេហទំព័រថ្មីៗ នៅព្រឹកថ្ងៃទី៦ ខែធ្នូនេះ លោក ទិត្យ សុធា អ្នកនាំពាក្យអង្គភាពព័ត៌មានប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី បានអត្ថាធិប្បាយថា គណបក្សសង្គ្រោះជាតិកំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរដែលកើតចេញពីការ ប្រេះឆារវាងលោក សម រង្ស៊ី និងលោក កឹម សុខា។ មន្ត្រីដដែលបញ្ជាក់ថា៖« ម្នាក់មានឈ្មោះជាតំណាងរាស្ត្រ ម្នាក់ទៀតដែលជាប្រធានបក្សបែរជាមិនមានអ្វីទាំងអស់។ គាត់យកវិបត្តិផ្ទៃក្នុងរបស់គាត់ទៅលាតសន្ធឹងជាវិបត្តិនយោបាយ ក្នុងប្រទេស»។
យ៉ាងណាក៏ដោយ ការអត្ថាធិប្បាយខាងលើនេះត្រូវបានលោក យ៉ែម បុញាឬទ្ធិ បដិសេធចោល ដោយបញ្ជាក់ថា គណបក្សសង្គ្រោះជាតិមិនមានការប្រេះឆា ឬវិបត្តិផ្ទៃក្នុងដូចការលើកឡើងរបស់គណបក្សកាន់អំណាចនោះទេ។ មន្ត្រីបក្សប្រឆាំងបន្តថា៖« លោកប្រធានសម រង្ស៊ីគាត់មិនដែលរវល់នឹងរឿងជាប់ជាតំណាងរាស្ត្រ ឬមិនបានជាប់អ្វីនោះទេ។ យើងមានតែការសាមគ្គីគ្នា និងរៀបចំធ្វើមហាបាតុកម្មជាបន្តបន្ទាប់ ដើម្បីស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោតរបស់យើង»។
គួរបញ្ជាក់ថា ការឆ្លើយឆ្លងរវាងមន្ត្រីគណបក្សជាប់ឆ្នោតទាំងពីរ ធ្វើឡើងខណៈដែលប្រមុខគណបក្សសង្គ្រោះជាតិ បានចាកចេញពីប្រទេសកម្ពុជាព្រមគ្នាទៅកាន់បណ្ដាប្រទេសលោកខាងលិច។ លោក សម រង្ស៊ី បានចំណាយពេលចំនួន១៥ថ្ងៃនៅបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុប មុននឹងវិលត្រឡប់មកដឹកនាំមហាបាតុកម្មនៅថ្ងៃទី១០ ខែធ្នូខាងមុខ។ ដោយឡែក លោក កឹម សុខា ក៏កំពុងស្នាក់នៅសហរដ្ឋអាមេរិកដើម្បីជួបពិភាក្សាជាមួយក្រុមអ្នកគាំទ្រ មុននឹងវិលមកធ្វើបាតុកម្មជាមួយលោក សម រង្ស៊ី៕
source : tmey tmey
0 comments: