សាលដីកា​ឡាអេ​​នៅ​មិនទាន់​អនុវត្ត ខណៈ​​នយោបាយ​ផ្ទៃ​ក្នុង​ថៃ​កាន់​តែ​ក្តៅ​

(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ    27-11-2013,10:29 am)  |  ដោយ វិច្ឆិកា
មន្ត្រី​ជំនាញ​ព្រំដែន​របស់​កម្ពុជា​លោកទេស​រដ្ឋមន្ត្រី​វ៉ា គីមហុង​បាន​ប្រាប់អោយដឹងថា នៅ​មិនទាន់​មាន​ការ​កំណត់​ផ្តើម​អនុវត្ត​សាលដីកា​តុលាការ​យុត្តិធម៌​អន្តរជាតិ​​ថ្ងៃ​ទី​១១​វិច្ឆិកា​នៅ​ឡើយ​ទេ ខណៈកំដៅ​នៃ​វិបត្តិ​នយោបាយ​ផ្ទៃ​ក្នុង​ថៃ​កាន់​តែ​ពុះ​កញ្ជ្រោល​នោះ។ ទោះយ៉ាង​នេះ​ក្តី ប្រធាន​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​ថៃ​រូប​នេះ​បាន​​អះអាងថា បញ្ហា​នយោបាយ​ផ្ទៃ​ក្នុង​ថៃ នឹង​មិន​ត្រូវ​ទាក់ទង​នឹង​សាលដីកា​តុលាការ​ឡាអេ​ឡើយ។

ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន លោក វ៉ា គីមហុង​បាន​ប្រាប់គេហទំព័រថ្មីៗ ថា ការ​អនុវត្ត​សាលដីការ​តុលាការយុត្តិធម៌​អន្តរជាតិ​ថ្ងៃទី​១១​វិច្ឆិកា​កន្លងទៅនោះ វាទាក់ទង​នឹង​ឆន្ទៈ​របស់​រដ្ឋាភិបាល​ថៃ ជាង​​​វិបត្តិ​នយោបាយ​ផ្ទៃ​ក្នុង​របស់​ថៃ។ លោក​វ៉ា គីមហុង​បញ្ជាក់​យ៉ាង​ដូច្នេះថា៖«វិបត្តិ​នយោបាយ​ផ្ទៃ​ក្នុង​ថៃ និង​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ជា​រឿង​ពីរ​ផ្សេង​គ្នា។ មិនមាន​អ្វី​ទាក់ទង​គ្នា​ទេ»។

ខណៈ​ដែល​មន្ត្រី​ជាន់ខ្ពស់​ជំនាញ​ព្រំដែន​របស់​កម្ពុជា​អះអាង​ថា មិន​បារម្ភ​ខ្លាំង​អំពី​ផល​ប៉ះពាល់​ពី​វិបត្តិ​នយោបាយ​ថៃ​មក​លើ​ការ​អនុវត្តសាលដីកា​តុលាការ​ឡាអេ​នោះ អ្នកប្រវត្តិសាស្ត្រ និង​អ្នកស្រាវជ្រាវ​មួយ​ចំនួន​បាន​យល់​ឃើញ​ខុសពី​នេះ។ ​លោក​សាស្ត្រចារ្យ​ប្រវត្តិសាស្ត្រ រស់ ចន្ត្រាបុត្រ​បាន​អត្ថាធិប្បាយ​ថា បើ​ទោះជា​សាលដីកា​តុលាការ​យុត្តិធម៌​ អន្តរជាតិ​មាន​លក្ខណៈ​ដាច់ណាត់ បញ្ជា​អោយ​ភាគី​ទាំង​ពីរ​ អនុវត្ត​សេចក្តីសម្រេច​នេះ​ដ៏​ដោយ ប៉ុន្តែ​លោក​ព្រួយ​បារម្ភ​ថា បក្ស​ប្រឆាំង​ថៃ​អាច​យក​បញ្ហា​ព្រំដែន​គាប​សង្កត់​រដ្ឋាភិបាល​នៃ​គណបក្ស​ភឿ​ថៃ​ជា​ថ្មី​ម្តងទៀត។ ប៉ុន្តែ​ប្រវត្តិវិទូ​រូប​នេះ​បាន​ដាក់​ការ​ជឿទុកចិត្ត​ទៅលើ​រដ្ឋាភិបាល ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ។ «រដ្ឋាភិបាល​កម្ពុជា​មាន​មូលដ្ឋាន​គតិយុត្តិ​គ្រប់គ្រាន់​ទល់​នឹង​ប្រទេស​ថៃ»។ នេះ​គឺ​ជា​ការ​អះអាង​របស់​លោក​រស់ ចន្ត្រាបុត្រ។

មាន​ប្រសាសន៍​ស្រដៀង​គ្នា​ដែរ លោក​ កែម ឡី អ្នកស្រាវជ្រាវ​ផ្នែក​សង្គម សេដ្ឋកិច្ច បាន​សំដែង​ក្តីបារម្ភ​អំពី​ផល​លំបាកនៃ​ការ​ដោះស្រាយ​វិបត្តិ​ព្រំដែន​កម្ពុជា​ថៃ និយាយ​ជា​រួម និង​ការ​អនុវត្ត​ន៍​សាលដីកា​តុលាការ​ឡាអេ​ថ្ងៃទី​១១​វិច្ឆិកា​ និយាយ​ដោយ​ឡែក។ លោកកែម ឡី​ពន្យល់​យ៉ាង​ដូច្នេះ៖«គំនិត​ជាតិ​និយម​បាន​ចាក់ឬស​ជ្រៅ​ដល់​ក្រុម​យុវជន​ថៃ ដែល​បាន​រៀន​ប្រវត្តិសាស្ត្រ​តែ​ពាក់កណ្តាល ដែល​មាន​នៅ​ក្នុងប្រព័ន្ធអប់រំ​របស់​ថៃ។ ថៃ​ដែល​បង្រៀន​កូនចៅ​របស់​ពួកគេ​តែ​អំពី​បារាំង​កាត់ដី​អោយ​កម្ពុជា។ ដូច្នេះ​បញ្ហា​ព្រំដែន ជា​បញ្ហា​ស្មុគស្មាញ​កម្រិត​ខ្ពស់​សម្រាប់​រដ្ឋាភិបាល​ថៃ ក្នុង​ការអនុវត្ត។ ខ្ញុំ​ថា មាន​តែ​យន្តការ​អង្គការ​សហប្រជាជាតិ​ប៉ុណ្ណោះ​ដែល​ត្រូវ​បង្ខំ​អោយ​មាន​ការ​អនុវត្តន៍​សាលដីកា​ឡាអេ»។ បើ​តាម​ការ​ពន្យល់​របស់​លោក​ កែម ឡី យ៉ាងហោច​ការ​ពន្យា​ការ​អនុត្ត​សាលដីកា​ឡាអេ​នៅពេលនេះ ប្រសិន​បើ​មាន​មែន បញ្ហា​ព្រំដែន​នៅ​តំបន់​ផ្សេងៗទៀត​​រវាង​កម្ពុជា​និង​ថៃ​ក៏​អាច​កាន់តែ​មាន​បញ្ហា​ដែរ៕
source:http://m.thmeythmey.com/?page=detail&ctype=article&id=9959&lg=kh

សំគាល:

វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។ រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!

0 comments:

© 2013-2015 គេហរទំពត៌ដើមចេកខ្មែរជាគេហទំពត៌ ពត៌មានទាន់ហេតុការ ggggggggg; converted by ដើមចេកខ្មែរ
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.