(អត្ថបទចុះផ្សាយនៅថ្ងៃ 27-11-2013, 8:40 pm) | ដោយ បាន សំអាង
នៅក្នុងប្រទេសកម្ពុជា មន្ត្រីរាជការដែលមានតំណែងធំៗ នៅក្នុងស្ថាប័នរដ្ឋភាគច្រើនគឺមាន ផ្ទះធំៗ សម្ភារៈប្រើប្រាស់ទំនើបៗ ដូចជាឡានស៊េរីថ្មីជាដើម។ ប្រជាពលរដ្ឋសាមញ្ញ ពួកគាត់តែងតែនិយាយតៗគ្នាថា ច្បាស់ជាមន្ត្រីទាំងនោះបានប្រព្រឹត្តនៅអំពើពុករលួយ កិបកេងទ្រព្យសម្បត្តិរដ្ឋជាមិនខាននោះទេ ដោយពួកគាត់សំអាងថា បើទោះបីជាមន្ត្រីជាន់ខ្ពស់ប៉ុណ្ណាក៏ដោយ អ្នកដែលទទួលបានប្រាក់ខែខ្ពស់ជាងគេនោះ យ៉ាងច្រើនជាង ២ ០០០ ដុល្លារតែប៉ុណ្ណោះ។ បើប្រាក់ខែតែប៉ុណ្ណេះ តើមន្ត្រីធំៗទាំងនោះបានលុយមកពីណា ដើម្បីទិញផ្ទះ ទិញរថយន្តទំនើបៗជិះនោះទេ។ពាក់ព័ន្ធនឹងបញ្ហានេះផងដែរ លោក ហុង សម្បត្តិ មេធាវី នៃមជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ (ALAC) នៃអង្គការតម្លាភាពកម្ពុជា ក៏បានលើកឡើងដែរថា លោកក៏ធ្លាប់បានទទួលនូវពាក្យបណ្ដឹងប្រភេទនេះដែរ ដោយអ្នកដែលទូរស័ព្ទមកប្ដឹងនោះ គឺគ្រាន់តែបានឃើញមន្ត្រីម្នាក់ទើបតែឡើងកាន់តំណែង ជាប្រធាននាយកដ្ឋានសោះ ស្រាប់តែមានលុយសាងសង់ផ្ទះយ៉ាងធំស្កឹមស្កៃ យ៉ាងឆាប់រហ័សយ៉ាងដូច្នេះ។
លោកមេធាវីរូបនេះ ក៏បានធ្វើការពន្យល់ពីករណីនេះផងដែរថា៖«យើងមិនអាចនិយាយថា ករណីនេះជាអំពើពុករលួយនោះទេ»។ លោកបន្តថា ដើម្បីអាចចាត់ទុកថាវាមន្ត្រីនោះពុករលួយ គឺគេត្រូវការតាមដានមើលពីប្រវត្តិការងាររបស់គាត់ ពីប្រភពចំណូលរបស់គាត់ ថាតើគាត់មានទំនាស់ផលប្រយោជន៍នៅក្នុងកន្លែងការងារ របស់គាត់ដែរឬទេ?
លោកក៏បានបញ្ជាក់ផងដែរថា ចាប់ពីពេលដែលមជ្ឈមណ្ឌល ALAC នេះបានបើកនៅថ្ងៃទី២០ ខែកញ្ញាមកនោះ ALAC ទទួលបានករណីបណ្ដឹងជាច្រើនពីប្រជាពលរដ្ឋ ហើយភាគច្រើននៃបណ្ដឹងទាំងនោះគឺមកពីតាមបណ្ដាខេត្ត។បណ្ដឹងទាំងនោះ គឺភាគច្រើនកើតនៅក្នុង ស្ថាប័ន ឬ មន្ទីរ នៅតាមខេត្តមួយចំនួន ដែលមានដូចជា ករណីកិបកេងប្រាក់ខែ កាត់លុយ ឬក៏ស៊ីប្រាក់ខែរបស់បុគ្គលិកដែលមានតែឈ្មោះ និងករណីដែលមានមន្ត្រីសុរិយោដីមួយចំនួន ដែលគ្មានសិទ្ធិចេញលិខិត ឬឯកសារ បែរជាលួចចេញឯកសារ ដើម្បីយកប្រាក់ពីអ្នកដែលត្រូវការឯកសារនោះ ជាដើម៕
Source : tmey tmey
0 comments: