(អត្ថបទចុះផ្សាយនៅថ្ងៃ 28-11-2013, 10:51 am) | ដោយ រ៉េន រតន
លោក សម រង្ស៊ី បានធ្វើដំណើពីអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ទៅកាន់សហគមន៍អឺរ៉ុប ចាប់តាំងពីថ្ងៃទី២៤ ខែវិច្ឆិកា។ ដំណើទៅកាន់អឺរ៉ុបរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះ ត្រូវបានមន្ត្រីគណបក្សប្រឆាំងបញ្ជាក់ឲ្យដឹងថា ដើម្បីជួបសំណេះសំណាលជាមួយក្រុមអ្នកគាំទ្ររស់នៅទីនោះ និងបន្តធ្វើនយោបាយការទូតស្វែងរកការដាក់សម្ពាធមកលើរដ្ឋាភិបាល កម្ពុជាបច្ចុប្បន្ន។ យ៉ាងក៏ដោយ លោក សម រង្ស៊ី នឹងវិលមកចូលប្រទេសវិញនៅថ្ងៃទី៩ ខែធ្នូខាងមុខនេះ។
លោក ឡុង រី មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចនៅអឺរ៉ុប លោក សម រង្ស៊ី នឹងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី៩ ខែធ្នូខាងមុខ ដើម្បីដឹកនាំមហាបាតុកម្មនៅរាជធានីភ្នំពេញ និងសៀមរាប។
លោកបន្តថា លោក សម រង្ស៊ី នឹងអាចមានជម្រើសពីរនៅពេលត្រឡប់មកកម្ពុជាវិញ។ ទីមួយលោក សម រង្ស៊ី នឹងជិះយន្តហោះត្រង់ឆ្ពោះទៅកាន់ខេត្តសៀមរាប និងទីពីរ លោក សម រង្ស៊ី នឹងអាចចុះចតនៅរាជធានីភ្នំពេញ ដើម្បីដឹកនាំធ្វើបាតុកម្មនៅលើទីលានប្រជាធិបតេយ្យជាមួយលោក កឹម សុខា និងក្រុមអង្គការសង្គមស៊ីវិល។
គួរបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នឹងរៀបចំនូវមហាបាតុកម្មទ្រង់ទ្រាយធំមួយនៅទីរូមខេត្តសៀមរាប ដែលអាចនឹងមានក្រុមបាតុករពីបណ្ដាលខេត្តជាប់នោះ ដូចជាបាត់ដំបង បន្ទាយមានជ័យ ឧត្តមានជ័យ កំពង់ធំ ព្រះវិហារ ចូលរួមប្រមាណជាជាង១ម៉ឺននាក់។
មន្ត្រីគណបក្សប្រឆាំង បានបញ្ជាក់ឲ្យដឹងថា មហាបាតុកម្មនេះ នឹងត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «សិទ្ធិជ្រើសរើសអ្នកដឹកនាំ»។ កន្លះខែមុនមហាបាតុកម្មនោះមកដល់ លោក សម រង្ស៊ី បានចាកចេញពីប្រទេសដោយស្ថាត់ៗ ទៅកាន់សហគមន៍អឺរ៉ុប មុននឹងវិលមកដឹកនាំបាតុកម្មនៅសៀមរាប៕
source : http://thmeythmey.com/index.php?page=detail&ctype=article&id=9996&lg=kh
0 comments: