ដោយ : សុផល (ថ្ងៃទី 29 វិច្ឆិកា 2013 04:53:PM
ព្រះសង្ឃ២អង្គដែលគង់រៀនសូត្រនៅវត្តសារាវ័ន្តតេជោបានលួចចេញពីវត្តទាំងយប់អាធ្រាត្រហើយនាំគ្នាទៅដោះស្បង់ចីវរ នៅវត្តទួលទំពូង រួចក៏បន្តដំណើរទៅឆាន់ស្រារហូតដល់វេលាជិតភ្លឺ ទើបវិលទៅយកស្បង់នៅវត្តទួលទំពូងវិញ ក៏ត្រូវចៅអធិការវត្ត និងព្រះសង្ឃនៅវត្តទួលទំពូង ឃាត់ព្រះកាយប្រគល់ទៅ ឲ្យនគរបាលប៉ុស្តិ៍ទួលទំពូង ទី១ និងការិយាល័យធម្មការ ខណ្ឌចំការមន។
ព្រឹកឡើងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ទើប សមត្ថកិច្ច និងការិយាល័យធម្មការ ខណ្ឌចំការមន ធ្វើពិធីផ្សឹក និងអប់រំ។ ក្រោយពីចាប់ផ្សឹក ការិយាល័យធម្មការខណ្ឌចំការមន បានប្រគល់ទៅឱ្យវត្តសារាវ័នតេជោ ចាត់វិធានការតាមវិន័យសង្ឃ។
តាមការរៀបរាប់របស់ព្រះសង្ឃទាំង២អង្គ ថា នៅវេលា ម៉ោង៩យប់ ពួកគេបាននាំគ្នា ចេញពីវត្តសារាវ័ន្តតេជា មកដោះស្បង់នៅក្នុងវត្តទួលទំពូង រួចនាំគ្នាចេញក្រៅ ទៅផឹកប៊ីយ៉ែរ និងម្តុំសួនច្បារណាហ្គា រហូតដល់ម៉ោង ២រំលងអាធ្រាត្រ ទើបនាំគ្នា ត្រឡប់មកវត្តទួលទំពូងវិញ ក្នុងបំណងស្លៀកស្បង់ចីវរ ក៏ត្រូវចៅអធិការវត្តឃើញ និងឃាត់ខ្លួនប្រគល់មកឲ្យ សមត្ថកិច្ចតែម្តង។
លោក តេង ឈួន ប្រធានការិយាល័យ ធម្មការខណ្ឌចំការមន បានឲ្យដឹងថា ព្រះសង្ឃ២អង្គដែលត្រូវសមត្ថកិច្ចឃាត់នេះមួយអង្គព្រះនាម ណុះ សែយ័ន្ត អាយុ ១៩ឆ្នាំ បួសនៅវត្តឯករាជ្យ បាន៣វស្សា នៅឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងមួយអង្គទៀត ព្រះនាម ចាន់ រតន: អាយុ ២៣ឆ្នាំ បួសបានមួយវស្សា នៅវត្តទួលប្រាសាទ ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង បច្ចុប្បន្នមកគង់រៀនសូត្រនៅវត្តសារាវ័ន្តតេជោ ខណ្ឌដូនពេញ៕
Tag: ដើមចេកខ្មែរ , khmer banana news
Source : cen
0 comments: