Wednesday, 04 December 2013 16:51 ដោយ៖ ដើមអម្ពិល-ID-068
សៀមរាប ៖ និស្សិត សាកលវិទ្យាល័យ បញ្ញាសាស្រ្តកម្ពុជា សាខាសៀមរាប (PUC) ចំនួន៥នាក់ (ស្រី ៣នាក់) បានទៅធ្វើ ទស្សនកិច្ចសិក្សា នៅប្រទេសជប៉ុន ក្នុងគោល បំណងដើម្បី ផ្លាស់ប្ដូរ និងពង្រីកនូវចំណេះដឹង ខាងវប្បធម៌ អរិយធម៌ សង្គម វិទ្យាសាស្ត្រ ព្រមទាំង ជីវភាពរស់នៅ ការកសាងទំនាក់ទំនង ជាមិត្ដភាព ការស្វែងយល់ ពីបញ្ហា សង្គមរបស់ ប្រទេសជប៉ុន និងការចូលរួមចំណែក របស់យុវជន ក្នុងការអភិវឌ្ឍន៍ សង្គមជាតិ ក៏ដូចជាការចាប់ផ្ដើម សមាហរណកម្ម ខ្លួនទៅក្នុងតំបន់ និងអន្ដរជាតិផងដែរ។
ចំពោះទស្សនកិច្ចសិក្សានេះ មានរយៈពេល ១០ថ្ងៃ គឺនៅយប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៣ យុវនិស្សិត ដែលកំពុងសិក្សា នៅសាកលវិទ្យាល័យ បញ្ញាសាស្រ្តកម្ពុជា សាខាខេត្តសៀមរាប បានចេញដំណើរ ពីប្រលានយន្ដហោះសៀមរាប ឆ្ពោះទៅប្រទេសជប៉ុន និង ដំណើរទស្សនកិច្ច សិក្សានេះ គឺជាជំនួយឧបត្ថម្ភគាំទ្រ និងការសហប្រតិបត្តិការ ៣ ស្ថាប័ន គឺរវាង PUC, ជាមួយនិង FiLC, និងសាកលវិទ្យាល័យ កាន់ស៊ែ ក្រុងអូសាកា (Kansai University) ប្រទេសជប៉ុន ។
ក្រុមនិស្សិត បង្ហាញនូវសេចក្ដីរីករាយ និងមោទនភាព ដែលពួកគាត់ មានឱកាស ចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សា ទៅកាន់ប្រទេសដែល មានការអភិវឌ្ឍរីកចម្រើន ដូចប្រទេសជប៉ុននេះ ។ ប្អូនៗបន្តថា ក្នុងនាមជាយុវជនខ្មែរ ដែលជាកម្លាំងចលករ ដ៏មានសក្ដានុពលសម្រាប់ការ ចូលររួមចំណែក នៅក្នុងសង្គម ហើយយើង មានសមត្ថភាព និងសេចក្ដីក្លាហាន គ្រប់គ្រាន់ ក្នុងការនាំយកនូវចំណេះដឹង និងបទពិសោធន៍ខាង សិល្ប: វប្បធម៌ អរិយធម៌ខ្មែរ ដ៏សម្បូណ៍បែប ទៅចែករំលែក នៅពេលនេះ ។
ព្រោះប្រទេសកម្ពុជាយើង មានប្រវត្តិសាស្ត្រច្បាស់លាស់ និងភាពរុងរឿង តាំងពីបុរាណមកម៉្លេះ ជាសក្ខីភាព និងជា មោទនភាព ដូចជានៅខេត្តសៀមរាប នៃយើងគឺមានប្រាង្គប្រាសាទ ជាច្រើន ដូចជា ប្រសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទបន្ទាយស្រី ជាដើម ដូច្នេះ ក្នុងនាមយុវនិស្សិតខ្មែរ យើងត្រូវខិតខំរៀនសូត្រ និង មានការទទួល ខុសត្រូវ ក្នុងការចូលរួម ចំណែករក្សាការពារ និងលើកស្ទូយនូវរាល់គុណតម្លៃ របស់ខ្មែរយើងឲ្យ បានគង់វង្ស ព្រមទាំងចូលរួមផ្សព្វផ្សាយ ឲ្យបរទេសបានដឹង និងមកទស្សនា កម្ពុជាយើង ។
លោក ផាន់ គារ៉ា នាយក PUC សាខាខេត្តសៀមរាប បានមាន ប្រសាសន៍ឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ គឺយោងតាមការ ចុះអនុស្សរណ: នៃការ យោគយល់គ្នា ក្នុងកិច្ចសហប្រតិបត្តិការ ដោយមានរាប់បញ្ចូល នូវកម្មវិធីជាច្រើន ។ ជាក់ស្តែង យើងបានបញ្ជូននិស្សិត សាស្ដ្រាចារ្យ និងអ្នកគ្រប់គ្រង ទៅជប៉ុន បានបីលើកហើយ ហើយនិស្សិត សាស្ត្រាចារ្យ ពីជប៉ុន ក៏បានមកទស្សនកិច្ចសិក្សានៅកម្ពុជា ផងដែរ ។
ក្រៅពីប្រទេសជប៉ុន PUC សាខាសៀមរាប បានបញ្ជូននិស្សិតឲ្យ ទៅទស្សនកិច្ចសិក្សានៅប្រទេសកូរ៉េ ថៃ និងប្រទេសមួយចំនួនទៀត នៅអឺរ៉ុប ផងដែរ ។ លោក ផាន់ គារ៉ា លោកបានបន្ដឲ្យដឹងថា កន្លងទៅអ្នកគ្រប់គ្រង ជាអ្នេកដឹកដំណើរទស្សនកិច្ចសិក្សា តែពេលនេះ និស្សិតយើងមាន បទពិសោធន៍ និងសមត្ថភាព គ្រប់គ្រាន់ ក្នុងការទទួលខុសត្រូវ ចំពោះកម្មសិក្សា ដោយខ្លួនឯងបាន ។
ហេតុផលដែលបណ្ដាលឲ្យនិស្សិតមានឱកាស ផ្លាស់ប្ដូរ ចំណេះដឹង បទពិសោធន៍ និងវប្បធម៌ អរិយធម៌ ជាអន្តរជាតិបែបនេះ អ្វិដែលពិសេសនោះ គឺ សមត្ថភាពខាងភាសាអង់គ្លេស របស់ពួកគាត់ និយាយជាមួយ និស្សិតនៅ PUC សាខាខេត្តសៀមរាប ទាំងអស់ គឺ មានភាពស្ទាត់ជំនាញ ខាងភាសា អង់គ្លេស ដែលធ្វើឲ្យពួកគាត់មានភាព ងាយស្រួលក្នុងការទំនាក់ទំនង ក្នុងកម្រិត អន្តរជាតិ ។
ម៉្យាងវិញទៀត យោងទៅតាមកម្មវិធីសិក្សារបស់ PUC សាខា ខេត្តសៀមរាប យើងស្ថិតក្នុងកម្រិតស្ដង់ដារអន្តរជាតិ ដែលផ្ដល់ឱកាស់ដល់និស្សិត សិក្សាទាំងនៅថ្នាក់រៀន និងសកម្មភាពនៅក្នុងសង្គម ដូចជា នៅតាមសហគមន៍ជាដើម ។ លោកបានបន្តថា សាកលវិទ្យាល័យ បញ្ញាសាស្រ្តកម្ពុជា សាខាខេត្តសៀមរាប កំពុងនិងបន្ដពង្រឹងនូវរាល់ការកសាងទំនាក់ទំនងល្អប្រសើរ ទាំងនៅថ្នាក់ជាតិ ក្នុងតំបន់ និងអន្តរជាតិផងដែរ។
ពិសេសនៅពេលដែលកម្ពូជាយើង ត្រូវសមាហរណកម្មបញ្ចូលទៅក្នុងសហគមន៍អាស៊ាន ក្នុងឆ្នាំ២០១៥ យើងនិងឃើញថា យុវជនរបស់យើងបានត្រៀមខ្លួន និងមានសមត្ថភាព មានលទ្ធភាព ព្រមទាំងគុណតម្លៃ វិជ្ជាជីវ: ប្រកបដោយគុណភាព និងប្រសិទ្ធិភាព ក្នុងការរួមរស់ជាមួយសមាគមន៍អាស៊ាន ដែលបានកំណត់ថា "អាស៊ានៈ សហគមន៍មួយ វាសនាតែមួយ " ៕
Tag: ដើមចេកខ្មែរ , khmer banana news
Source dap-news

សំគាល:




0 comments: