បម្រើការងារឲ្យគេតាំងពីអាយុ៨ឆ្នាំរហូតដល់១៩ឆ្នាំថៅកែមិនឲ្យលុយហើយថែមទាំងវាយធ្វើបាបទៀត
ពោធិ៍សាត់ ៖ នាងក្រមុំដ៏កម្សត់ម្នាក់ឈ្មោះ ម៉ុក ស្រី អាយុ១៩ឆ្នាំកាលពីនាងអាយុ៨ឆ្នាំរស់នៅភូមិ បឹងស្មុក ឃុំស្វាយស ស្រុកក្រគរ ត្រូវម្តាយតថ្លៃជាមួយអ្នកមានលុយកាក់ម្នាក់ដើម្បីយកទៅបម្រើ រហូតដល់វ័យ១៩ឆ្នាំ នាងមិនដែលបានឃើញមុខឪពុកម្តាយបងប្អូន ថែមទាំងអត់បានប្រាក់កម្រៃឈ្នួលទៀតផង ហើយក្នុងរយៈពេលចុងក្រោយនេះនាងត្រូវបានថៅកែវាយធ្វើបាបដោយចោទនាងថាលួចទូរស័ព្ទដៃ។ ប្រការទាំងនេះធ្វើឲ្យនាងអត់ទ្រាំងមិនបាន ក៏រត់គេចមកប៉ុស្ដិ៍នគរបាលដើម្បីឲ្យជួយអន្តរាគមន៍តែម្ដង។ប្រភពព័ត៌មានបានឲ្យដឹងថា ការចោទនារីរងគ្រោះថាលួចទូរស័ព្ទដៃ ហើយវាយធ្វើបាបនាងនេះកើតឡើង កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣នៅលើផ្ទះផែបណ្ដែតទឹកផ្ទៃទន្លេសាបស្ថិតក្នុងភូមិទី២ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ថៅកែស្រីដែលធ្វើបាបនារីរងគ្រោះនោះមានឈ្មោះ រុំ រស់នៅផ្ទះកើតហេតុខាងលើ ហើយនៅមុនពេលកើតហេតុថៅកែស្រីរូបនេះបានវាយនារីរងគ្រោះនឹងឈើវាស់ម៉ែត្រ ព្រមទាំងធាក់ចុងដង្ហើមនាងទៀតផង។
ក្រោយមកដោយអត់ទ្រាំនឹងអំពើព្រៃផ្សៃនេះលែងបាន នាងក៏សម្ងំទាំងសេចក្ដីឈឺចាប់រហូតដល់ម៉ោង៧យប់ថ្ងៃកើតហេតុខាងលើ ឆ្លៀតឱកាសដែលថៅកែនោះភ្លេចខ្លួន នាងក៏ដើរទៅផែខាងមុខនាងរួចលូនមកខាងផែក្រោយចុះក្នុងទឹកទន្លេហែលចេញពីផ្ទះនោះចម្ងាយប្រហែលជាង១០០ម៉ែត្រទាំងខ្លួនប្រាណសើមជោករងាស្ទើររឹងពោះ មកតោងក្បូនឫស្សីមួយកន្លែងដែលមានមនុស្សរស់នៅលើផ្ទៃទឹកទីនោះដែរ។
ក្នុងពេលនោះនាងលើកម្រាមដៃ ១០សុំឲ្យគេជួយលាក់រឿងនេះកុំឲ្យថៅកែនោះដឹងដើម្បីឲ្យនាងអាចបានទៅដល់ប៉ុស្តិ៍នគរបាល ឲ្យគេជួយអន្តរាគមន៍ ព្រោះនាងអត់ទ្រាំនឹងការធ្វើបាបលែងបានហើយៗសូម្បីតែប្រាក់កម្រៃ ដែលគេថាឲ្យ២៥ម៉ឺនរៀលក្នុងមួយខែនោះរយៈពេល១២ឆ្នាំហើយ ក៏ពុំដែលបានដែរ។
លើពីនេះទៅទៀតខ្សែ.កតូចមួយខ្សែ និងក្រវិលមួយគូ ដែលថៅកែនោះធ្វើឲ្យនាងពាក់យូរមកហើយក៏គាត់ចោទថា នាងលូចទៀត។ ដូច្នេះហើយទើបនាងមកកាន់កន្លែងនគរបាលឲ្យជួយអន្តរាគមន៍។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា រហូតដល់ព្រឹកថ្ងៃទី៥ ខែធ្នូនេះ នាងកំពុងនៅប៉ុស្តិ៍នគរបាលកំពង់លួងក្រោមការមើលថែពីនគរបាលដោយមានបទបញ្ជារបស់លោក ប៊ិន វណ្ណា អធិការនគរបាលស្រុកដើម្បីរកមូលហេតុ និងព័ត៌មានច្បាស់លាស់ពីនាងក្រមុំនេះ រួមជាមួយថៅកែរបស់គេ ក៏ដូចជាឪពុកម្តាយផងដែរ។
ដោយឡែកភាគីខាងថៅកែឈ្មោះរុំ កម្ពុជា មិនអាចទំនាក់ទំនងសុំការបំភ្លឺបាននៅឡើយទេរហូតមកដល់រសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣នេះ៕
Tag: ដើមចេកខ្មែរ , khmer banana news
ប្រែសំរួលដោយ: អាដា
រក្សាសិទ្ធិគ្រប់យ៉ាងដោយ: ភូមិអច្ឆរិយៈ
ប្រភពអត្តបទៈ kpt

សំគាល:




0 comments: