ក្នុង វិស័យអប់រំនិងសិក្សាធិការខ្មែរ ភាសាបារាំង គឺជាភាសាបរទេសទី១ ដែលត្រូវបានរដ្ឋាភិបាលសម្រេចដាក់បញ្ចូលក្នុងកម្មវិធីសិក្សា។ យ៉ាងណាក៏ដោយនៅក្នុងវិស័យសិក្សាធិការកម្ពុជាបច្ចុប្បន្ននេះ ភាសាអង់គ្លេសកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំង បើប្រៀបធៀបនឹងអ្នករៀនភាសាបារាំង។ តែទោះជាយ៉ាងណាក៏ដោយ លោក សុខ គួង ប្រធានសមាគមអ្នកនិយាយភាសាបារាំងកម្ពុជា បានអត្ថាធិប្បាយថា ប្រពន្ធអប់រំកម្ពុជា មិនអាចខ្វះភាសាបារាំងបានឡើយ។
ខាងក្រោមនេះជាបទសម្ភាសន៍រវាងលោក រ៉េន រតនៈ អ្នកយកព័ត៌មានគេហទំព័រថ្មីៗ និងលោក សុខ គួង ប្រធានសមាគមអ្នកប្រើប្រាស់ភាសាបារាំងកម្ពុជា។
លោក រ៉េន រតនៈ៖ លោក សុខ គួង តើបច្ចុប្បន្ននេះ ភាសាបារាំងនៅមានតម្លៃ និងឥទ្ធិពលកម្រិតណាដែរ ក្នុងវិស័យអប់រំរបស់កម្ពុជា?
លោក សុខ គួង៖ អ្នករៀនភាសាបារាំងនៅតែមានចំនួនច្រើនដដែល តែមិនអាចច្រើនដូចភាសារអង់គ្លេសនោះទេនាពេលបច្ចុប្បន្ននេះ។ បើយើងមើលតែខាងក្រៅ គឺហាក់ដូចជាគេមិនសូវរៀន និងបំភ្លេចភាសាបារាំងចោល ក៏ប៉ុន្តែអ្នករៀនភាសាបារាំងនៅតែមានច្រើន។ និស្សិតចប់ពីវិទ្យាល័យមួយចំនួនចាប់ផ្តើមចូលសិក្សាភាសាបារាំង បន្ថែមទៀត។ គ្រប់ជំនាញដែលមានលក្ខណៈសិក្សាបែបវិទ្យសាស្ត្រ ភាសាបារាំងគឺដើរតួនាទីសំខាន់ និងមិនអាចខ្វះបានឡើយ។ ជាការពិត វិស័យអប់រំកម្ពុជា មិនអាចបោះបង់ចោលភាសាបារាំងបានឡើយ។
លោក រ៉េន រតនៈ៖ តើអ្នកចេះភាសាបារាំងបច្ចុប្បន្ន មានតម្លៃកម្រិតណាដែរ នៅក្នុងតំបន់ និងពិភពលោក?
លោក សុខ គួង៖ យើងឃើញថា អ្នកដែលរៀនភាសាបារាំង ភាគច្រើនគឺជាអ្នកដែលឆ្នើមតែម្ដង។ អ្នកចេះភាសាបារាំមានតម្លៃមែនទែន ព្រោះនៅពេលដែលពួកគេចេញទៅប្រទេសក្រៅ អ្នកដែលដឹងថា យើងចេះភាសាបារាំងនោះ គឺគេគោរព និងឲ្យតម្លៃណាស់។ គេថាភាសាបារាំង គឺជាភាសាសម្រាប់បុគ្គលជាវីវៈជន។ ភាគច្រើនអ្នកដែលចេះភាសាបារាំងតែងតែក្លាយជាអ្នកដែលដឹកនាំគេ មិនថាក្នុងកម្រិតណានោះទេ។ ជាក់ស្ដែងនៅក្នុងប្រទេសយើង រដ្ឋមន្ត្រីស្ទើតែទាំងអស់សុទ្ធតែជាអ្នករៀន និងចេះភាសាបារាំងតែម្ដង។
លោក រ៉េន រតនៈ៖ មកដល់បច្ចុប្បន្ននេះ តើនិស្សិតសិក្សាលើជំនាញអ្វីខ្លះ ដែលត្រូវការភាសាបារាំងជាចាំបាច់នោះ?
លោក សុខ គួង៖ និស្សិតដែលចាំបាច់ត្រូវរៀនភាសាបារាំងរួមមាន និស្សិតផ្នែកច្បាប់ និងសេដ្ឋកិច្ច ដែលឆ្នើមៗ និស្សិតវិស្វៈករគ្រប់ជំនាញ និងនិស្សិតពេទ្យ ព្រោះភាសាបារាំងក្នុងវិទ្យសាស្ត្រសុខាភិបាល គឺមិនអាចខ្វះបាននោះទេ។ ជាងនេះទៅទៀត និស្សិតដែលសិក្សាភាសាបារាំង ដើម្បីធ្វើជាគ្រូបង្រៀនភាសាបារាំងតែម្ដង។ ធនធានមនុស្សដែលចេះភាសាបារាំង យើងមានតិចតួចណាស់។ ដូច្នេះយើងត្រូវការអ្នកចេះបារាំងដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សយើង ជាបន្តទៀត។
លោក រ៉េន រតនៈ៖ និយាយឲ្យជ្រៅជាងនេះទៀត ថាតើនៅកម្ពុជា មានវិស័យណាខ្លះដែលខ្វះធនធានមនុស្សចេះភាសាបារាំង ដើម្បីបំពេញកិច្ចការច្រើនជាងគេ?
លោក សុខ គួង៖ វិស័យដែលខ្វះធនធានមនុស្សចេះភាសាបារាំងច្រើនជាងគេ គឺវិស័យប្រវត្តិសាស្ត្រ ព្រោះ ឯកសាររបស់យើងភាគច្រើនសរសេរ និងចងក្រងឡើងជាភាសាបារាំង។ យើងខ្វះអ្នកជំនាញផ្នែកប្រវត្តិសាស្ត្រជាភាសាបារាំងដែល បណ្ដុះបណ្ដាលថ្មីៗ ព្រោះភាគច្រើនអ្នកចេះមានតែរៀមច្បង។ យើងខ្វះអ្នកជំនាញខាងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលសិក្សាចេញពីភាសាបារាំង។
លោក រ៉េន រតនៈ៖ ក្នុងនាមប្រធានសមាគមអ្នកប្រើប្រាស់ភាសាបារាំង តើលោកមានការព្រួយបារម្ភពីអនាគតភាសាបារាំងឬទេ ខណៈដែលអាស៊ានបានកំណត់យកភាសាអង់គ្លេសជាគោលនោះ?
លោក សុខ គួង៖ ខ្ញុំគិតថាវានឹងមិនមានការព្រួយបារម្ភអ្វីនោះទេ ពីព្រោះប្រទេសកម្ពុជារបស់យើង បានកំណត់យកភាសាបរទេសចំនួនពីរ គឺភាសាបារាំង និងអង់គ្លេស ជាភាសាគោល បន្ទាប់ពីភាសាជាតិ។ ហើយភាសាបារាំងនេះ វានឹងមិនជួបបញ្ហានោះទេ ព្រោះនៅក្នុងអាស៊ានរបស់យើង មានសាកលវិទ្យាល័យជាច្រើនណាស់ដែលចង់ចូលជាសមាជិកសាកលវិទ្យាល័យដែល ប្រើប្រាស់ភាសាបារាំង។ ភាសាបារាំងមានតម្លៃណាស់ចំពោះគុណភាពអប់រំ។ គេផ្ដោតសំខាន់លើការសិក្សាដែលមានគុណភាពតាមបែបបារាំង។ ដូចច្នេះភាសាបារាំងនៅតែមានតម្លៃ ទោះអាស៊ានធ្វើសមាហរណ៍កម្មក៏ដោយ។
លោក រ៉េន រតនៈ៖ និយាយពីសមាជិកអ្នកប្រើប្រាស់ភាសាបារាំង តើនៅក្នុងអាស៊ានរបស់យើងនេះ មានប្រទេសប៉ុន្មានដែរ ដែលជាសមាជិកនៃ អ្នកប្រើប្រាស់ភាសាបារាំងនោះ?
លោក សុខ គួង៖ ក្នុងចំណោមប្រទេសទាំង១០នោះ គឺមានតែកម្ពុជា ឡាវ និងវៀតណាមតែប៉ុណ្ណោះ។ ដោយឡែកប្រទេសថៃក៏ចង់ចូលជាសមាជិកដែរ តែមកដល់ពេលនេះ ថៃនៅត្រឹមជាអ្នកអង្កេតការណ៍តែប៉ុណ្ណោះ។ បើទោះជាប្រទេសក្នុងអាស៊ានភាគច្រើនមិនទាន់ក្លាយជាសមាជិកក៏ដោយ ប៉ុន្តែសាកលវិទ្យាល័យនៃប្រទេសទាំងនោះ ភាគច្រើនសុទ្ធតែជាសមាជិកនៃសាកលវិទ្យាល័យដែលប្រើប្រាស់ភាសាបារាំង៕
source : tmey tmey
0 comments: