ខេត្តព្រះសីហនុ៖ កុមារាម្នាក់អាយុ១ខួប៣ខែ និងបុរសវ័យកណ្តាលម្នាក់ បានរងរបួសរលាកពេញខ្លួនយ៉ាងធ្ងន់ធ្ងរ ខណៈពេលដែលស្ត្រីម្នាក់ ត្រូវជាប្អូនថ្លៃម្តាយកុមាររងគ្រោះ ទៅរកប្តីរបស់ ខ្លួននៅផ្ទះបងថ្លៃមិនឃើញ បានផ្ទុះកំហឹងគិតថាបងថ្លៃលាក់ប្តីខ្លួន ក៏ទាញដបសាំងជះទៅលើកុមារារងគ្រោះដែលកំពុងគេងលើគ្រែ បណ្តាលឲ្យឆាបឆេះសន្ឋរសន្ធៅពេញខ្លួន។ ហេតុការណ៍ នេះ បានកើតឡើងកាលពីវេលាម៉ោង ៦ និង ៤០នាទី ល្ងាចថ្ងៃទី០៤ ធ្នូ ២០១៣ ស្ថិតក្នុងក្រុមទី៣០ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
តាមការអោយដឹង ពីសមត្ថកិច្ចជំហានដំបូងបានអោយដឹងថា ស្ត្រីបង្ករមានឈ្មោះ ថៃ ស្រីរ៉ា ហៅស្តើង អាយុជាង២២ឆ្នាំ បានរត់គេចខ្លួនបន្ទាប់ធ្វើសកម្មភាពរួច ត្រូវជាប្រពន្ឋរបស់ប្អូនប្រុសម្តាយកុមាររងគ្រោះដែលមានឈ្មោះ ថាវ សុគន្ឋា អាយុ២៧ឆ្នាំ បានធ្វើសកម្មភាពជះសាំងដុតទៅលើកុមាររងគ្រោះឈ្មោះ សុខ ចំរ៉ុង ភេទប្រុស អាយុ១ឆ្នាំ៣ខែ រួមជាមួយបុរសវ័យកណ្តាលម្នាក់ទៀតត្រូវជាបងប្រុសម្តាយកុមាររងគ្រោះឈ្មោះ ចន ភេទ ប្រុស អាយុជាង៣០ឆ្នាំ បណ្តាលអោយរងរបួសធ្ងន់ធ្ងរទាំងអ៊ុំ ទាំងក្មួយ គួរអោយអាណោចអាធ័មបំផុត។
តាមសាក្សីបានឲ្យដឹងថា ប្តីរបស់ស្ត្រីបង្កខាងលើបានទៅធ្វើការនៅប៉ោយប៉ែត លុះពេលត្រលប់មកវិញអត់បានចូលផ្ទះប្រហែល៥ថ្ងៃមកហើយ ទោះបីស្ត្រីបង្កទូរស័ព្ទហៅយ៉ាងណាក៏ដោយក៏ពុំព្រមទៅដែរតែបែរជាមកគេងនៅផ្ទះបងស្រីទៅវិញ នៅពេលនោះស្ត្រីបង្កតាមមករកអត់ឃើញគិតថាបងថ្លៃលាក់ប្តីរបស់ខ្លួន ក៏មានការខឹងសម្បាររួចទាញដបសាំងជះដុតកុមាររងគ្រោះដែលកំពុងគេងលើ គ្រែអត់ដឹងអីនោះ ឆាបឆេះពេញខ្លួនតែម្តងភ្លាមៗនោះ បុរសដែលត្រូវជាបងប្រុសម្តាយកុមាររងគ្រោះឃើញក្មួយប្រុសត្រូវបានភ្លើងឆេះសន្ធោរសន្ធៅគួរអោយអាណិត ក៏ស្ទុះទៅអោបក្មួយប្រុសយកចេញពីអណ្តាតភ្លើងមកខាងក្រៅបណ្តាលឲ្យរលាករបួសពេញខ្លួនប្រាណទាំង២នាក់តែម្តង។ ឯអណ្តាតភ្លើងឆេះក្នុងផ្ទះនោះត្រូវបានអ្នកជិតខាងនាំគ្នាជួយពន្លត់បានទាន់ពេលវេលា។
ក្រោយកើតហេតុ ជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះភ្លាមៗ តែដោយសារកុមារារបួសធ្ងន់ធ្ងរពេកគ្រូពេទ្យបានបញ្ជូន មកសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ចំណែកបុរសជាពូដែលរងគ្រោះដែរនោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។
ទាក់ទិនទៅនឹងករណីជះសាំងដុតកុមាររាទាំងរស់ដែលជាអំពើរ ថោកទាប និង ព្រៃផ្សៃនេះ ប្រជាពលរដ្ឋជាច្រើននៅក្រុងព្រះសីហនុ បានធ្វើការសំណូមពរយ៉ាងទទួចដល់កំលាំងសមត្ថកិច្ចខេត្តព្រះសីហនុ ធ្វើយ៉ាងណាតាមចាប់ខ្លួនស្ត្រីជាជនដៃដល់ក្នុងអំពើដ៏សែនស្អប់ខ្ពើមនេះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់អោយសមទៅនឹងអំពើដែលបានសាង។
សូមបញ្ជាក់ផងដែរថាក្រុមគ្រួសារជនរងគ្រោះ ក្នុងហេតុការនេះគឺជាគ្រួសារក្រីក្រ បច្ចុប្បន្នស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើ ដោយមានមុខរបជាកម្មករសំណង់ទាំងប្តី ទាំងប្រពន្ឋ សូម្បីតែលុយដឹកកូនមកភ្នំពេញក៏អត់មានដែរ ប៉ន្តែបានអង្គការជួយជនក្រីក្រជួយចេញសោហុយជំនួស បើមិនដូចនេះទេនោះកុមាររងគ្រោះពិតជាបណ្តោយតាមយថាកម្មជាក់ជាពុំខាន៕ សហការី
Tag: ដើមចេកខ្មែរ , khmer banana news
Source : khmerangkor-news.com

សំគាល:




0 comments: