ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសនៅថ្ងៃទី៤ខែធ្នូ ឆ្នាំ២០១៣ថា រយៈពេល១១ខែឆ្នាំ២០១៣ នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធ បានប្រមាណ ៨០០,២លានដុល្លារ អាមេរិកកើនឡើង ១៧,៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១២។
សេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា រយៈពេលដប់មួយខែក្នុងឆ្នាំ២០១៣ ចំណូលពន្ធអាករសរុបចំនួន ៣.២០០.៦៧៦ លានរៀល (គិតជាដុល្លារ ប្រមាណ ៨០០,២លានដុល្លារ) បើប្រៀបធៀបនឹងការ អនុវត្តបានក្នុងរយៈពេល១១ខែ ដូចគ្នាក្នុងឆ្នាំ២០១២ ថវិការកើនឡើងចំនួនស្មើនឹងអត្រាកំណើន១៧,៣% ។
សេចក្តីប្រកាសដដែល ឲ្យដឹងទៀតថា តាមការវិភាគប្រភេទពន្ធឃើញថា ចំណូលក្នុងឆ្នាំ២០១៣ មានការកើនឡើង គ្រប់ប្រភេទពន្ធក្នុងនោះ ប្រភេទពន្ធសំខាន់ៗ ដែលមានការកើនឡើងមានដូចជា ពន្ធលើប្រាក់របៀវត្ស មានការកើនឡើងប្រមាណ ២៦.៤% លើពន្ធប្រាក់ចំណេញ មានកើនឡើងប្រមាណ ១៨.៣% អាករលើប្រាក់បន្ថែម មានកើនឡើងប្រមាណ ១៩.៧% និងអាករពិសេស មានការកើនឡើងប្រមាណ ១៥.២% ។ការពិនិត្យ តាមវិស័យ ឃើញថា ចំណូលក្នុងឆ្នាំ២០១៣ កើនឡើងស្ទើរគ្រប់សកម្មភាពក្នុងនោះ ផ្នែក ភេសជ្ជៈកើនឡើង ២០.៤ភាគរយ និងផ្នែកសេវាហិរញ្ញវត្ថុ កើនឡើង២៧.៣ភាគរយ ក្រៅពីនោះ វិស័យផ្សេងៗទៀត ក៏មានការកើនឡើងដែរ៕
Tag: ដើមចេកខ្មែរ , khmer banana news
Source : dap-news

សំគាល:




0 comments: